ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរស់នៅម្ដុំ​ផ្សារបឹងត្របែកផ្លាហ្សា​ ស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍រៀបចំសណ្ដាប់ធ្នាប់ ខណៈ​ការចតម៉ូតូ​ និង​ម៉ូតូកង់បីចតមុខផ្សារ បង្កការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅក្បែរទីតាំង​ម្ដុំ​ផ្សារបឹងត្របែកផ្លាហ្សា​ ក៏ដូចជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវលេខ៤៥៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ កំពុង​ជួបបញ្ហាកកស្ទះចរាចរណ៍ជាប្រចាំនៅតាមដងផ្លូវសាធារណៈ ពិសេសមុខផ្សារបឹងត្របែកផ្លាហ្សា ដែលជាក្តីកង្វល់យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ ដោយពួកគាត់ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​ ចុះជួយអន្តរាគមន៍ រៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ ខណៈ​ការចតម៉ូតូ​ និង​ម៉ូតូកង់បីចតមុខផ្សារ​គ្មាន​សណ្តាប់ធ្នាប់​ ទើបបង្កជាការកកស្ទះចរាចរណ៍។

សេចក្ដីរាយការណ៍​ដដែល​បន្តថា​ មូលហេតុចម្បងដែលនាំឱ្យចរាចរណ៍មានការយឺតយ៉ាវ និងកកស្ទះខ្លាំងក្នុងម៉ោងចេញចូលធ្វើការ ឬពេលមានមនុស្សច្រើន គឺបណ្តាលមកពីការចតយានយន្ត (ជាពិសេសម៉ូតូ) ពុំមានរបៀបរៀបរយ ដោយពេលខ្លះបានរំលោភលើទ្រូងផ្លូវសាធារណៈ។

ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មេត្តាចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យ​បានត្រឹម​ត្រូវ​ ឬណែនាំដល់ម្ចាស់អាជីវករ​ដែលតែងតែចយក​ចិញ្ចើម​ផ្លូវ​សាធារណៈ​មកធ្វើ​អាជីវកម្ម​របស់ខ្លួន និងអ្នកមកទិញទំនិញខ្លះទៀត មិនយល់ដឹងពីការចតយានយន្តក្នុងទីតាំងដែលបានកំណត់។

បន្ថែមពីនេះ​ ប្រជាពលរដ្ឋ​ស្នើសុំ ទៅខាងគណៈគ្រប់គ្រងផ្សារ និងអាជីវករ ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមគ្នាស្វែងរកដំណោះស្រាយសមស្របក្នុងការរៀបចំចំណតសម្រាប់អតិថិជន ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈ និងសិទ្ធិរបស់អ្នកធ្វើដំណើរផងដែរ។ 

ជាមួយ​នេះ​ ប្រជាពលរដ្ឋ​សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​ ជាពិសេស​លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន​ នឹងចុះពិនិត្យ និងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីរៀបចំនូវសណ្ដាប់ធ្នាប់ ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ​ក៏ឱ្យមានការកកស្ទះ​ចរាចរណ៍​ទៀត៕

ដោយ​៖ តារា​


ចែករំលែក៖