ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនឃាតកចាក់សម្លាប់ប៉ូលិសនៅបុរីកីឡាបានហើយ

ចែករំលែក៖

ភ្នំពេញ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ  យ៉ាងយកចិត្តទុកដាក់ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាល ក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងជំនាញបេីកការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២៣កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សាន​ ចាន់គឹមហុង នៅត្រង់ចំណុច​ ភូមិទ្រង់មាន់​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញយកមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

គួររំលឹកដែរថាកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែលម៉ោង២១ និង២៥នាទី ឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ យឺន សំណាង ហៅសំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ក្រោយធ្វើសកម្មភាព ជនល្មើសបានរត់គេចខ្លួនបាត់ ។

លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង១៧ និង១៥នាទី កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនឈ្មោះ សាន ចាន់គឹមហុង ពីបទ ឃាតកម្ម តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នកំលាំងនាយកដ្ឋានបាននាំខ្លួនជនសង្ស័យខាងលើមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករាជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖