ភ្នំពេញ៖ គេហទំព័រល្បីឈ្មោះអន្តរជាតិតែតែងផ្សព្វផ្សាយអំពីព័ត៌មាននានារបស់សិល្បករអន្តរជាតិពិសេសក្រុមអ្នកចម្រៀង K-Pop មួយដែលមានឈ្មោះថាkoreaboonews បានផ្សព្វផ្សាយអំពីប្រជាប្រិយភាព ទេពកោសល្យ រូបសម្រស់ និងសមត្ថភាពសិល្បៈរបស់ព្រះនាងតូចនរោត្តមជេនណា ដែលគេបានចាត់ទុកដែរថា ទ្រង់នឹងក្លាយជាK-Pop Idolសែរាជវង្ស ដំបូងគេ។
យោងទៅតាមអត្ថបទផ្សាយរបស់ខ្លួនដែលបានផ្សព្វផ្សាយប៉ុន្មានម៉ោងមុននេះ ដោយបានទាំងចែករំលែកទៅកាន់ហ្វេសប៊ុកផេកដែលមានអ្នកតាមដានជិត១០លាននាក់នោះ បានដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា”First Royal K-Pop Idol? 11-Year-Old Princess Is Speculated To Join The Industry Soon”។ មានន័យថារាជវង្សK-Pop Idol ដំបូង ព្រះនាងអាយុ ១១ឆ្នាំត្រូវបានគេរំពឹងថានឹងចូលរួមក្នុងឧស្សាហកម្មនេះក្នុងពេលឆាប់ៗនេះ”។ ក្នុងអត្ថបទបានលើកឡើងថាព្រះនាងគឺជាសិល្បករល្បីឈ្មោះក្នុងប្រទេសកំណើតរបស់នាងរួចទៅហើយ។ប្រភពបន្តថាយោងតាមការផ្សាយរបស់ YTN នាពេលថ្មីៗនេះ K-Pop អាចនឹងឃើញវត្តមានដំបូងរបស់រាជវង្សជាសិល្បករ ។ ជេនណា នរោត្ដមទ្រង់ ជាបុត្រីទី ២ របស់សម្ដេចរាជបុត្រី នរោត្តម បុប្ផារី និងជាព្រះរាជនត្តារបស់ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គឺសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។
ទ្រង់មានព្រះជន្មត្រឹមតែ ១១វស្សាប៉ុណ្ណោះ ខណៈអ្នកនិយមលេងបណ្តាញសង្គមស្គាល់ទ្រង់រួចទៅហើយ ដោយមានអ្នក Subscribe ជាង ៨០ម៉ឺន នាក់នៅលើ Channel YouTube របស់ទ្រង់ផងដែរ។គេហទំព័រខាងលើបានបន្តរៀបរាប់កោតសរសើរថាព្រះនាងតូចបានចាប់ផ្ដើមអាជីពក្នុងវិស័យកម្សាន្តនៅអាយុ៦ឆ្នាំក្នុងនាមជាតារាសម្ដែង ចម្រៀង និងសម្ដែង។ ជាក់ស្តែងនាងមានជំនាញក្នុងវិស័យសិល្បៈតាំងពីនាងនៅក្មេង ហើយទ្រង់ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សក្នុងនាមជាសមាជិករាជវង្សដ៏កម្រដែលសកម្មនៅក្នុងពិភពច្នៃប្រឌិត។ ទ្រង់ទទួលបានឋានៈជាសិល្បករព្រះជន្មវ័យក្មេងនៅក្នុងប្រទេសកម្ពុជារួចទៅហើយនិងបាន បង្ហាញព្រះកាយក្នុងរឿងភាគ និងក្លាយជាសិល្បករតំណាងផលិតផលល្បីឈ្មោះមួយចំនួនផងដែរ។ មានការបញ្ជាក់ដែរថា ព្រះនាងតូចនរោត្តមជេនណា ទ្រង់មានចំណាប់អារម្មណ៍ពិសេសចំពោះ Hallyu ដែលជាអ្នកគាំទ្រក្រុមដូចជា BTS និង BLACKPINK ក៏ដូចជាអ្នកគាំទ្រ K-Drama ផងដែរ។ ជារឿយៗទ្រង់បានបង្ហោះការរាំ Cover បទចម្រៀង K-Pop នៅលើ Channel YouTube របស់ទ្រង់ និងសម្តែងនៅក្នុងព្រឹត្តិការណ៍នានាផងដែរ។ ព្រះនាង ក៏បានចេញបទចម្រៀង Original ជាច្រើនបទ រួមទាំងបទចម្រៀងជាមួយតារាចម្រៀងខ្មែរ BOBO ដែលមានចំណងជើងថា “You Da One”ជាដើម។ មានការសរសើរទ្រង់ដែរថា ក្រៅពីសិល្បៈសម្ដែង ទ្រង់ ក៏មានជំនាញភាសាគួរឲ្យចាប់អារម្មណ៍ដែលត្រឹមព្រះជន្ម ១១វស្សាអង្គនេះ ចេះភាសាខ្មែរ បារាំង ថៃ ចិន និងអង់គ្លេស។ ព្រះនាងឧស្សាហ៍ឡើង Cover K-Pop និងបទដើមរបស់ព្រះនាងនៅឯកម្មវិធីនានាក្នុងប្រទេសកម្ពុជា។នៅក្នុងកម្មវិធី YTN ព្រះនាងបាននិយាយយ៉ាងខ្លាំងអំពី K-Pop ដោយនិយាយថាថាមពលដ៏ភ្លឺស្វាងរបស់វាទាក់ទាញព្រះនាងឱ្យមកតន្ត្រី។ ទ្រង់បានបង្ហាញចំណាប់អារម្មណ៍ចង់ផ្សព្វផ្សាយជាអ្នកសិល្បៈនៅប្រទេសកូរ៉េ ហើយហាក់ដូចជាសុបិនរបស់នាងជិតក្លាយជាការពិត។ Na Yoon Jung ដែលជានាយកប្រតិបត្តិនៃទីភ្នាក់ងារកម្សាន្ត K-Pop បានបង្ហាញចំណាប់អារម្មណ៍របស់នាងក្នុងការសហការជាមួយព្រះនាងសម្រាប់អាជីពរបស់នាងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕
ដោយ ៖ វឌ្ឍនា