ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌកំបូលបានសហការជាមួយនគរបាលប៉ុស្តិ៍សំរោងក្រោម​និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ដែលជាមុខសញ្ញាក្រុមចោរកាប់ប្លន់ម៉ូតូនិងលួចឆក់កាបូបលុយយ៉ាងសកម្ម។ 

    ប្រតិបត្តិការ​នេះបានធ្វេីឡេីងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ 

    សូមបញ្ជាក់ផងដែរថា​ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះក្រោយពីពួកគេបានធ្វេីសកម្មភាពកាប់​ វាយ​ ប្លន់យកម៉ូតូពីជនរងគ្រោះកាលពីយប់ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២៣​ នៅសង្កាត់ស្នោ​ ខណ្ឌកំបូល។ 

    ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតមកដល់ព្រឹកថ្ងៃទី៣០​ខែឧសភា​ ឆ្នាំ២០២៣នេះឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅភូមិចាក់ជ្រូកនិងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 

បន្ទាប់មកក៏បន្តតាមចាប់ជនសង្ស័យម្នាក់ទៀតខណៈកំពុងលេងល្បែងហ្គេមបាញ់ត្រីនៅក្នុងទីតាំងណេតមួយកន្លែងស្ថិតនៅភូមជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

   ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបាននៅភូមិចាក់ជ្រូកនិងភូមិគោកព្រិចនោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកជនសង្ស័យម្នាក់ដែលនគរបាលឃាត់ខ្លួនបានចុងក្រោយគេពេលកំពុងលេងហ្គេមបាញ់ត្រីនោះឈ្មោះផាន សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។បន្ទាប់មកនគរបាលក៏បាននាំជនសង្ស័យទៅកាន់ភូមិភូមិគោកព្រិច សង្កាត់សំរោមក្រោម ដើម្បីរកម៉ូតូម៉ាកអុិចស៊ីទ័រពណ៌ខៀវមិនចាំស្លាកលេខដែលពួកគេជិះធ្វើសកម្មភាពកាប់ប្លន់នោះត្រូវបានបក្សពួកម្នាក់ទៀតជិះគេចខ្លួនបាត់។

   ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ចំណែកម្នាក់ទៀតឈ្មោះផាន សម្បត្តិ បានធ្វើសកម្មភាពដាច់ដោយឡែកមួយទៀតពីបក្សពួក ដោយបានឆបោកម៉ូតូ១គ្រឿងពីមិត្តភក្ដិម្នាក់។ បន្ទាប់មកម្ចាស់តាមរកឃើញក៏ប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ឱ្យជួយឃាត់ខ្លួន ហើយពេលភ្លាមៗនោះនគរបាលអត់ទាន់ដឹងថា ជននេះគឺជាបក្សពួករបស់ជនសង្ស័យ២នាក់ខាងលើទេ លុះពេលសួរនាំទើបដឹង។ ជនរងគ្រោះដោយការឆបោកយកម៉ូតូនោះឈ្មោះហុី ហេងលាភ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ   បាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CW-4379 ម៉ូតូខាងលើនេះត្រូវបានប្រគល់ទៅជនរងគ្រោះវិញហើយបន្ទាប់ពីឃាត់ខ្លួនបានបក្សពួកជនសង្ស័យ២នាក់ទៀតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យដោយសហការជាមួយសមត្ថកិច្ចខណ្ឌកំបូលដកហូតបានខណៈពេលពួកគេកំពុងជិះ។

    បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្តនិងចាត់ការតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖