ព័ត៌មានទាន់ហេតុការណ៍៖

គូជម្លោះនៅស៊ូដង់យល់ព្រមបន្តសុពលភាពបទឈប់បាញ់ រយៈពេល៥ថ្ងៃបន្ថែមទៀត

ចែករំលែក៖

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣នេះដែលបានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ភាគីជម្លោះនៃការប្រយុទ្ធគ្នាដណ្តើមអំណាចនៅប្រទេសស៊ូដង់ បានយល់ព្រមបន្តសុពលភាព៥ថ្ងៃទៀត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានអនុវត្តតាំងពីដើមសប្តាហ៍មុន។
អារ៉ាប៊ីសាអ៊ូឌីតនិងសហរដ្ឋអាមេរិកដែលជាអ្នកជួយសម្រុះសម្រួលឱ្យមានបទឈប់បាញ់ខាងលើ ដែលមានរយៈពេលដំបូង១សប្តាហ៍ បានប្រកាសមុនពេលវាត្រូវអស់សុពលភាពកាលពីយប់ថ្ងៃចន្ទថា ភាគីជម្លោះបានយល់ព្រមបន្តសុពលភាពវាសម្រាប់រយៈពេល៥ថ្ងៃបន្ថែមទៀត។ ក្នុងសេចក្តីថ្លែងការណ៍រួម អារ៉ាប៊ីសាអ៊ូឌីតនិងអាមេរិកបាននិយាយថា ទោះបីជាបទឈប់បាញ់នោះត្រូវបានអនុវត្តមិនពេញលេញទាំងស្រុងក៏ដោយ ក៏វាបានផ្តល់ឱកាសឱ្យមានការដឹកជញ្ជូនជំនួយទៅកាន់ប្រជាជនខ្ទង់២លាននាក់ ដែលត្រូវការពួកវា ហើយក៏បើកផ្លូវសម្រាប់កិច្ចពិភាក្សាអំពីលទ្ធភាពនៃការបន្តសុពលភាពក្នុងរយៈពេលវែងផងដែរ។
កងកម្លាំងយោធានិងកងកម្លាំងទាហានបារ៉ា RSF នៃប្រទេសស៊ូដង់ បានជាប់ផុងក្នុងការដណ្តើមអំណាចគ្នា ដែលបានឈានដល់ការផ្ទុះឡើងនូវជម្លោះបង្ហូរឈាម កាលពីថ្ងៃទី១៥ ខែមេសា។ មកទល់ពេលឥឡូវ មនុស្សរាប់រយនាក់បានបាត់បង់ជីវិត ដោយសារជម្លោះ ខណៈខ្ទង់១.៤លាននាក់ ត្រូវបានបង្ខំឱ្យខ្ចាត់ព្រាត់ពីផ្ទះសម្បែងរបស់ពួកគេ។ បទឈប់បាញ់១សប្តាហ៍មកនេះ បានជួយបន្ធូរបន្ថយការប្រយុទ្ធខ្លាំងៗ ប៉ុន្តែការប៉ះទង្គិចគ្នាតូចៗនិងការវាយប្រហារតាមផ្លូវអាកាសនៅតែបានបន្តកើតមាន ជាពិសេសអំឡុងថ្ងៃចន្ទ មុនពេលបទឈប់បាញ់ត្រូវផុតសុពលភាព៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖