ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលទៅប៉ះផាលត្រាក់ទ័រដែលបើកនៅពីមុខ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចខេត្តបាត់ដំបងបានអោយដឹងថា មានបុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលរូបគាត់ជិះម៉ូតូទៅបុកផាលត្រាក់ទ័រដែលកំពុងបើកបរនៅខាងមុខកាលពីវេលាម៉ោង ១៩និង១៩នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅត្រង់ចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ 

    នគរបាលបានបញ្ជាក់ទៀតថា ត្រាក់ទ័រ ពណ៌ក្រហម០១គ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AQ-9016 បើកបរដោយបុរសម្នាក់ឈ្មោះ ផន មុត អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបើកវ៉ាជែងមិនផុតក៏បានបុកត្រូវផាលត្រាក់ទ័រខាងក្រោយផ្នែកខាងឆ្វេង បណ្តាលអោយដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយភ្លាមៗនោះម្ចាស់ត្រាក់ទ័រក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកម៉ូតូនិងត្រាក់ទ័រទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖