រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បាននិយាយថា ទីក្រុងប៉េកាំងស្វែងរកការសន្ទនាជាជាងការប្រឈមមុខជាមួយទីក្រុងវ៉ាស៊ីនតោន។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី – Shangri-La Dialogue នៅថ្ងៃទី ៤ខែមិថុនា រដ្ឋមន្ត្រីការពារជាតិចិន Li Shangfu បានព្រមានថា ជម្លោះរវាងសហរដ្ឋអាមេរិកនឹងចិននឹងនាំមកនូវ “មហន្តរាយសម្រាប់ពិភពលោក” ។
“ចិន និងអាមេរិកមានប្រព័ន្ធផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ នោះមិនបានរារាំងភាគីទាំងពីរពីការស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅនោះទេ»។
រដ្ឋមន្ត្រីការពារជាតិចិនបានព្រមានថា “វាមិនអាចបដិសេធបានទេថា ជម្លោះដ៏ជូរចត់ឬការប្រឈមមុខដាក់គ្នារវាងចិន នឹងសហរដ្ឋអាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក” ។
រដ្ឋមន្ត្រី Li Shangfu បាននិយាយថា ប្រទេសចិនប្តេជ្ញាដើរតាមគន្លងនៃការអភិវឌ្ឍដោយសន្តិភាព ប៉ុន្តែនឹងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ លោកក៏បានរិះគន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចំពោះការបង្កើនការប្រគួតប្រជែងសព្វាវុធ និងមានការជ្រៀតជ្រែកដោយចេតនាក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងទៀត។
លោក Li បានព្រមានប្រឆាំងនឹងការបង្កើតសម្ព័ន្ធភាពយោធា “ដូចណាតូ” នៅអាស៊ីប៉ាស៊ីហ្វិក ដោយសង្កត់ធ្ងន់ថា វានឹងគ្រាន់តែជំរុញឱ្យតំបន់នេះទៅជា “វង់នៃជម្លោះ” ប៉ុណ្ណោះ។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំងមានភាពតានតឹងបន្ទាប់ពីបញ្ហាជាបន្តបន្ទាប់ទាក់ទងនឹងកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការរឹតបន្តឹងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លើការនាំចេញបន្ទះឈីប semiconductor ៕
ដោយ៖ ធីរីណា(រូបថត ៖ AP)