ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងស្វែងរកម្ចាស់រថយន្ដករណីរថយន្ដធ្លាក់ប្រឡាយទឹកក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិត នៅផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដនិងម៉ូតូកាលពីម៉ោង ២១និង២០ នាទីយប់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង មានរថយន្ដ១គ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2V-0387 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយពេលកើត ហេតុ )។ 

តាមការបញ្ជាក់ពីសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា រថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូ១គ្រឿងម៉ាក Winer ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IN-3745 ជិះគ្នា០២នាក់ ដែលបើកបរដោយឈ្មោះ សឿន ឧសភា ភេទប្រុស រស់នៅភូមិគាស់គុល ឃុំព្រៃក្មេង ស្រុកភ្នំស្រួចនិងឈ្មោះ សួង រដ្ឋា ភេទប្រុស នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោង ទង បើកបរបញ្ច្រាសទិសគ្នា។

ករណីខាងលើបណ្ដាលអោយស្លាប់ឈ្មោះ សឿន ឧសភា នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររបួសធ្ងន់។ រីឯ រថយន្ដបោះពួយធ្លាក់ប្រឡាយទឹក។ 

នៅពេលនេះ សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ និងពិនិត្យស្រាវជ្រាវស្វែងរកម្ចាស់រថយន្ដជនបង្ក និងអ្នកពាក់ព័ន្ធកសាងសំណុំរឿងចំណាត់ការបន្ដ៕

ដោយ៖ សូរិយា


ចែករំលែក៖