ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៥ មិថុនា ឆ្នំា២០២៣នេះ សមត្ថកិច្ចជំនាញនគរបាលស្រុកសេសាន ត្រៀមបញ្ជូនខ្លួន ចោរ លួចគោ វះយកសាច់ ទៅតុលាការហើយ ។ នគរបាលចាប់បានចោរលួចវះយកសាច់គោនេះនៅរសៀលថ្ងៃទី ៤មិថុនាឆ្នាំ២០២៣។
ប្រជាពលរដ្ឋ បានរាយការណ៍ប្តឹងទៅនគរបាល ស្រុកសេសានអំពីករណីបាត់គោ ហើយប្រទះឃើញសត្វគោ ត្រូវគេសម្លាប់ដោយវះយកតែសាច់ភ្លៅ។ ក្រោយទទួលបានដំណឹងនេះ កម្លាំងប៉ុស្ដិ៍នគរបាលកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកនាំ បញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានឃាត់ជនសង្ស័យ ឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ ៤០ឆ្នាំស្រុកកំណើត ភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន រស់នៅ ភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលដឹងសាច់គោ ច្រកការ៉ុងតាមម៉ូតូ សំដៅចេញទៅលក់នៅអូរពងមាន់ ។
កម្លាំងនគរបាលដកហូតវត្ថុតាង រួមមាន៖ សាច់គោ៣ភ្លៅ ម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់១គ្រឿង គ្មានស្លាកលេខ គ្មានអាវ កាំបិតស្នៀត១ដើម កាំបិតហាន់បន្លែ១ដើម ពូថៅ ១ដើម ខ្សែចងគោ ៣ខ្សែ ការ៉ុង៣ ថង់ប្លាស្ទិកធំ១ ទទឹងដាក់ទទា៨ ទូរស័ព្ទម៉ាក Nava មួយគ្រឿង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវះយកសាច់គោរបស់គេពិតប្រាកដមែន។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានត្រៀមកសាងសំណុំ រឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្ត ចាត់ការបន្តទៅតុលាការ តាមនីតិវិធី៕
ដោយ៖ សូរិយា