ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដបណ្ដាលឱ្យជនជាតិថៃពីរនាក់ប្ដីប្រពន្ធស្លាប់បាត់បង់ជីវិត

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ ៖ ពលរដ្ឋជាជនជាតិថៃពីរនាក់ប្ដីប្រពន្ធ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨និង៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិត នៅលើផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលគីឡូម៉ែត លេខ ១៣២ – ១៣៣ ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែងបានអោយដឹងថាករណីចរាចរណ៍ខាងលើនេះ  បង្ករឡើងដោយ រថយន្តម៉ាក់ហុីណូ ពណ៌ក្រហម លាយ ស ផ្លាកលេខ Thailand ៧០-៣៤ ០៩ ដឹកអំបិល ទិសដៅពីជើង ទៅ ត្បូង(ពីលើភ្នំ ទៅក្រោម)  បណ្ដាលអោយ រថយន្តខូចខាតទាំងស្រុង។

អ្នកបើកបរឈ្មោះ វ៉ាន់ឆៃ កាថៃស៊ុង ភេទ ប្រុស អាយុ ២៦ឆ្នាំ​ ជនជាតិថៃ រស់នៅ ខេត្ត នគររាជសីម៉ា(ស្លាប់)អ្នករួមដំណើរ(ប្រពន្ធអ្នកបើកបរ ឈ្មោះ ប៊ុតសកន អុីនសន អាយុ ២៥ ឆ្នាំ ជនជាតិថៃ (ស្លាប់)។ មូលហេតុដោយសាររថយន្តដាច់ហ្វ្រាំង បណ្តាលអោយក្រឡាប់។

ក្រោយពីទទួលព័ត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចំនួន ០៦នាក់ រថយន្ត ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការស្រុក ចុះសហការជាមួយកម្លាំង ចរាចរណ៍អធិការនគរបាលស្រុកអន្លង់វែង ចុះទៅកន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍។    បច្ចុប្បន្ន សាកសពជនរងគ្រោះ ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងរថយន្តនៅកន្លែងកើតហេតុ ៕

ដោយ៖ សូរិយា


ចែករំលែក៖