ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា កសាងបានជាង៨០ភាគរយហើយ ប្រជាពលរដ្ឋសាទរនឹងសមិទ្ធផលថ្មីៗ

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋបានបង្ហាញការសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗ ដែល ជា ស្នាដៃ របស់ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា គឺ ស្ពាន ខ្សែកាបថ្មីមួយទៀត សម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់កោះពេជ្រ និងកោះនរា ដែលវានឹងជួយ សម្រួលពេលវេលាធ្វើដំណើរ ។

ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ចេញពីកោះពេជ្រ ភ្ជាប់មកតំបន់កោះនរា មកដល់ពេល នេះ សម្រេចបានប្រមាណ៨០ភាគរយហើយ ដែលគម្រោងសាងសង់នេះ នឹងត្រូវរួចរាល់នៅខែ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

នេះបើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូន រាជធានីភ្នំពេញ ។

ជាមួយ នឹងសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋ បានបង្ហាញពីការមើលឃើញរបស់ពួកគេ ចំពោះការ រីកចម្រើន នាពេល បច្ចុប្បន្នរបស់ ប្រទេសជាតិ ពិសេស រាធានីភ្នំពេញ លើគ្រប់វិស័យ ពិសេស ហេដ្ឋារចនា សម្ព័ន្ធ តភ្ជាប់ ដែល បាន សម្រួលដល់ ការធ្វើដំណើរ និងកាត់បន្ថយការ ចំណាយ របស់ពលរដ្ឋ ។

តទៅពេលអនាគត ស្ពានថ្មីមួយខ្សែនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើរ របស់ ពលរដ្ឋ ដោយអាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលធ្វើឱ្យរំហូរចរាចរណ៍ នៅភូមិ សាស្ត្រខណ្ឌច្បារអំពៅមានភាពប្រសើរជាងរាល់ថ្ងៃនេះ ដែល មាន ភាពប្រឈម លើការ កកកុញ ស្ទះ ចរាចរណ៍ ជាប្រចាំថ្ងៃ ពិសេសរៀងរាល់ពេលព្រឹក និងពេលល្ងាច ។

គួរបញ្ជាក់ថា ស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរានេះ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់ កាលពីខែតុលា ឆ្នាំ២០២០ ដែលស្ពាននេះ មានប្រវែង៨២៤ម៉ែត្រ ទទឹង ២៤,៥០ម៉ែត្រ និងត្រូវចំណាយថវិកា ចំនួន ៣៨លានដុល្លារ ក្នុងការ សាងសង់ ៕

ដោយ៖ សូរិយា


ចែករំលែក៖