ភ្នំពេញ ៖ លោក គង់ រ៉ៃយ៉ា មានតួនាទីជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន បន្ទាប់ពីដាក់ពាក្យសុំលាឈប់ពីសមាជិកគណបក្សភ្លើងទៀន លោកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍តាម ប្រព័ន្ធ Telegram ផ្លូវការ របស់សម្តេចថា : ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកគង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា បានសរសេរយ៉ាងដូច្នេះថា : ខ្ញុំបាទឈ្មោះ គង់ រ៉ៃយ៉ា មានតួនាទីជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងជា បេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន ។
សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់។
កម្មវត្ថុ៖ ខ្ញុំបាទសូមគោរពការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចតេជោ ដើម្បីបានចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សេចក្ដីដូចបានគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពសម្តេចតេជោ មេត្តា ជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ដោយសារខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំ ប្រទេសជាតិដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ដែលដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជន រស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
សម្ដេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់!
គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោល នយោបាយឈ្នះៗ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវតែចង់ចាំនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចតេជោមេត្តាអនុញ្ញាតអោយខ្ញុំបាទបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយក្តីអនុគ្រោះផង។ ខ្ញុំបាទសូមជូនពរសម្តេចតេជោ និងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចតេជោ មេត្តាទទួលសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។ (មានវីដេអូ )៕
ដោយ ៖ សុខ ខេមរា