ព័ត៌មានទាន់ហេតុការណ៍៖

ករណីជនសង្ស័យប្រហែល៣០នាក់ស្ទាក់កាប់យុវជនម្នាក់ស្លាប់នៅក្រុងព្រះសីហនុ ពេលនេះសមត្ថកិច្ចចាប់ឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបាន១២នាក់ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ នគរបាលក្រុងព្រះសីហនុបានចាប់ឃាត់ខ្លួនជន សង្ស័យចំនួន១២នាក់ហើយ ក្នុងចំណោមជនសង្ស័យមួយក្រុមប្រហែល៣០នាក់ ដែលបង្កហិង្សាកាប់ជនរងគ្រោះម្នាក់បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

នគរបាលក្រុងព្រះសីហនុប្រាប់បន្ថែមថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនឱ្យដឹងថា ហេតុការណ៍ហិង្សានេះកើតឡើងកាលពី ម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២មិថុនា ២០២៣នៅម្តុំមុខកាស៊ីណូយ៉ាព័រស្ថិតនៅក្រុមទី១០ភូមិ ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ាន ប៊ឺត ភេទ ប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។ 

ជុំវិញសាវតានៃករណីហិង្សានេះ បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់លម្អិតថា អំពើហិង្សាមានស្ថានទម្ងន់ទោសមួយនេះបង្កដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែល ៣០នាក់ដោយ មធ្យោបាយ ម៉ូតូជិត២០គ្រឿង បានធ្វើសកម្មភាពកាប់និងវ៉ៃ លើជនរងគ្រោះមួយរូប ជនជាតិខ្មែរ មុខរបរ កម្មករកប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ បណ្ដាលឲ្យរងរបួសបែកលើចិញ្ចើមនិងកាប់ត្រូវក្បាល ចំហៀងខាងស្តាំ។

មុនពេលកើតហេតុជនរងគ្រោះអង្គុយលេងជាមួយមិត្តភក្ដិនៅកន្លែងកើតហេតុមានគ្នា៦នាក់ស្រី៣នាក់ ហើយ ក្រុមជនសង្ស័យជិះម៉ូតូមកឃើញជិះទៅហួសកន្លែងជន រងគ្រោះបានបន្តិច រួចជិះត្រឡប់មកវិញដល់ កន្លែងជន រងគ្រោះអង្គុយ ក៏នាំគ្នាចុះមកកាប់និងវ៉ៃទៅលើជនរង គ្រោះនិងមិត្តភក្ដិ។ ពេលនោះជនរងគ្រោះបាននាំគ្នារត់  តែរត់មិនទាន់ ត្រូវជនសង្ស័យកាប់ចំតែម្តង។

បច្ចុប្បន្ន ក្រុមជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖