ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីពាក់ផ្លាកលេខ ខេមរភូមិន្ទ​ បេីកឆ្លងគន្លងផ្លូវទៅបុករថយន្តក្រុងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តបែនដឹកដីពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង​ ដោយសង្ស័យស្រវឹងស្រា​បានរេចង្កូតជ្រុលទៅបុករថយន្តក្រុងធ្វើឱ្យអ្នកបើកបររថយន្តក្រុងគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែងដឹកយកទៅសង្រ្គោះបន្ទាន់​ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣​ នៅតាមផ្លូវ៣០ម៉ែត្រស្ថិតក្នុងភូមិ២៤​ សង្កាត់ព្រៃស​  ខណ្ឌដង្កោ។

​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃើញបុរសម្នាក់បានបើករថយន្តបែនដឹកដី​ ពណ៌ត្រេអុី ពាក់ផ្លាកលេខខេមរភូមិន្ទ​01 . 3-1815 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ​ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុកជាមួយនឹងរថយន្តក្រុងពណ៌សពាក់ផ្លាកលេខ​ ភ្នំពេញ​ 3B-8698បើកបរដោយបុរសម្នាក់រួមនឹងព្រូម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងចំពីមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើករថយន្តក្រុងគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់​ ហេីយត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកបុរសជាព្រូរួមដំណើរជាមួយរងរបួសស្រាល។

​    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ ភាគីរថយន្តបង្កបែនដឹកដីក៏បានព្យាយាមបើករត់ទៅមុខដែរ​ តែចៃដន្យរថយន្ដបានរលត់ម៉ាសុីនទៅមុខមិនរួច ពេលនោះតៃកុងរថយន្តបង្កបានបើកទ្វារ បើករត់ផងដែរ​ តែក៏ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរ។ 

​    បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះទៅកន្លែងកើតហេតុ​ ដេីម្បីធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងរួមនឹងអ្នកបើកបរយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖