ភ្នំពេញ៖ បុរសម្នាក់បានដេីរចេញពីមន្ទីរពេទ្យសម្រាកព្យាបាលមួយកន្លែងដោយបានឆ្លងថ្នល់បំណងត្រឡប់ទៅផ្ទះវិញស្រាប់តែត្រូវរថយន្តដឹកសុីទែនប្រេងបើកលឿនជ្រុលទៅបុកពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុង ចាន់លី ភេទប្រុស អាយុ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមសម្ដីបុរសម្នាក់ដែលជាសន្តិសុខយាមនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងក្បែរនឹងកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុបុរសរងគ្រោះបានដើរមកពីក្រៅហើយអង្គុយនិយាយលេងជាមួយគាត់។ លុះមួយសន្ទុះក្រោយមកបុរសរងគ្រោះក៏បានងើបចេញទៅ រួចដើរឆ្លងថ្នល់ត្រឡប់ទៅផ្ទះវិញ ខណៈកំពុងតែដើរឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែមានរថយន្តស្ទូចដឹកសុីទែនប្រេងមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-6441បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុង ទិសដៅពីត្បូងទៅជើងដោយល្បឿនយ៉ាងលឿនបានជ្រុលទៅបុកចំពាក់កណ្តាលខ្លួនជនរងគ្រោះពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្កវិញបានបើកទៅមុខបានប្រហែលជា១០ម៉ែត្រ ទេីបតៃកុងបើកទ្វាររថយន្តចុះរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ