ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកគេចម៉ូតូជ្រុលទៅបុកឡំប្រឺតាបណ្តាលឱ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់បើករថយន្តយ៉ាងលឿនគេចពីម៉ូតូបួងចង្កូតគេចជ្រុលទៅបុកឡំប្រឺតាដែលកំពុងបត់ឆ្លងផ្លូវចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើង ហើយប្តីប្រពន្ធ២នាក់ជាភ្ញៀវរងរបួសធ្ងន់ ចំណែកអ្នកបើកឡំប្រឺតារងរបួសស្រាល ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-3325 បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែអកហ្សឺ គេចពីម៉ូតូមួយគ្រឿងមិនចាំម៉ាកបួងចង្កូតគេចទៅបុកឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AP-0690 បើកដោយបុរសម្នាក់ដឹកភ្ញៀវប្តីប្រពន្ធ២នាក់ធ្វើដំណើរចេញពីផ្លូវលេខ៩០ ក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងគាបជាប់ប្តីប្រពន្ធ២នាក់ជាភ្ញៀវអង្គុយពីក្រោយរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ចំណែកអ្នកបើកបរឡំប្រឺតារងរបួសស្រាល។

    បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំបានចុះមកដល់ ដោយភាគីទាំងសងខាងបានសម្រួលគ្នាដែរតែមិនត្រូវគ្នាក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្តដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖