ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹកនៅវិមានព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ ៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
៣. កំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង២ខាងលើ របស់គណៈកម្មការជំនាញពាក់ព័ន្ធនិងស្តាប់មតិផ្តល់យោបល់របស់សមាជិកអង្គប្រជុំរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក៏បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដាក់សេចក្តីព្រាងច្បាប់ទាំង២ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង ៨:០០នាទីព្រឹក …៕
ដោយ៖ សូរិយា