ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិចង់កសាងសួនតេជោសន្តិភាពនៅគ្រប់ខេត្ត បានស្នើសុំអនុសាសន៍ពីសម្ដេចតេជោចំពោះការបង្កើតសួននេះផងដែរ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្រសួងការពារជាតិ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការចង់កសាងនូវសួនតេជោសន្តិភាពនេះគឺដើម្បីរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងបានយល់ពីអ្នកដែលនាំសន្តិភាពនិងថែរក្សាសន្តិភាពនៅក្នុងប្រទេស។

រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងពីការចង់កសាងសួនតេជោសន្តិភាពនៅគ្រប់ខេត្តទាំងអស់។ ការកសាងនេះគឺដើម្បីរំលឹកដឹងគុណដល់អ្នកដែលដឹកនាំសន្តិភាពមកកាន់ប្រទេសកម្ពុជា។

សម្ដេចពិជ័យសេនាបានស្នើសុំអនុសាសន៍ពីសម្ដេចតេជោចំពោះការបង្កើតសួននេះផងដែរ។

គួររំលឹកផងដែរថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនធ្វើដំណើរទាំងយប់ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីដំណើរតស៊ូនេះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ៕ 

ដោយ ៖ សហការី


ចែករំលែក៖