ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំពៅលូន​ឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ កម្លាំងជំនាញ​ស្រុក​សំពៅ​លូន​បានចុះស្រាវជ្រាវ​ឃាត់ខ្លួន​ស្រ្តី​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​។ 

   ប្រភពដដែលបន្តថា​ មានករ​ណី​អំពើលួច(យកម៉ូទ័រស្វាន)មួយបានកើតឡើងកាលពីថ្ងៃទី២២​ ខែមិថុនា​នៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលករណីនេះមានជនរងគ្រោះឈ្មោះ ហ៊ិន ណុច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ​សក​ម្មភាពលួចយកម៉ូទ័រស្វានចំនួន ០២គ្រឿង​ ខណៈដែលជនរងគ្រោះទុកម៉ូទ័រនៅក្នុងផ្ទះកូនជាងសំណង់ស្ថិតនៅចំណុចខាងលើក៏ត្រូវជនមិនស្គាល់អត្តស​ញ្ញាណលួចយកទៅបាត់  ។

    ក្រោយពេលកើតហេតុជនរងគ្រោះ​ បានប្តឹងមកសមត្ថកិច្ចន​គរបាលមូលដ្ឋាន​ ភ្លាមនោះ​លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន​ បានដឹក​នាំកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះឡុក យ៉យ ភេទ​ស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយដកហូតយកវត្ថុតាងមានម៉ូទ័រស្វានចំនួន០២គ្រឿងជារបស់ជនរងគ្រោះដែលបាត់នោះដោយរកឃើញនៅថ្ងៃទី២២ ខែ​ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៥៥នាទី នៅ​ចំ​ណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ  ។

    បច្ចុប្បន្ន​សមត្ថកិច្ចបានធ្វើការរៀបចំបញ្ជូន​ជនសង្ស័យមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារវត្ថុតាងជារបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

ដោយ​៖ អរុណរះ


ចែករំលែក៖