ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា កម្លាំងជំនាញស្រុកសំពៅលូនបានចុះស្រាវជ្រាវឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
ប្រភពដដែលបន្តថា មានករណីអំពើលួច(យកម៉ូទ័រស្វាន)មួយបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនានៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលករណីនេះមានជនរងគ្រោះឈ្មោះ ហ៊ិន ណុច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូទ័រស្វានចំនួន ០២គ្រឿង ខណៈដែលជនរងគ្រោះទុកម៉ូទ័រនៅក្នុងផ្ទះកូនជាងសំណង់ស្ថិតនៅចំណុចខាងលើក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយកទៅបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ភ្លាមនោះលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះឡុក យ៉យ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយដកហូតយកវត្ថុតាងមានម៉ូទ័រស្វានចំនួន០២គ្រឿងជារបស់ជនរងគ្រោះដែលបាត់នោះដោយរកឃើញនៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៥៥នាទី នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការរៀបចំបញ្ជូនជនសង្ស័យមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារវត្ថុតាងជារបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕
ដោយ៖ អរុណរះ