ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ មានចលនាបះបោរមួយនៅក្នុងប្រទេសវៀតណាម និងការងើបឡើងប្រឆាំងនឹងរដ្ឋបាលរបស់លោកពូទីននៅក្នុងប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានជំរុញឲ្យមានការយកចិត្តទុកដាក់ជាមួយនឹងស្ថានការណ៍ពិភពលោកនិងជំរុញឲ្យមានការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌនៅក្នុងប្រទេសឲ្យមានភាពរឹងមាំ។

ការជំរុញនេះគឺបន្ទាប់ពីមានចលនាបះបោរមួយនៅក្នុងប្រទេសវៀតណាម និងការងើបឡើងប្រឆាំងនឹងរដ្ឋបាលរបស់លោកពូទីននៅក្នុងប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ឲ្យពង្រឹងនូវការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌក្នុងប្រទេសឲ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងអំពើជ្រុលនិយមហួសហេតុណាមួយដែលអាចកើតមាននៅក្នុងប្រទេស។

សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តថា៖ «ចំណុចនេះមិនត្រូវមើលស្រាលទេ ហេតុអីបាននៅប្រទេសជិតខាងយើងសុខៗផ្ទុះអាវុធ។  ហេតុអីបានរុស្ស៊ីមានកម្លាំងប្រដាប់អាវុធបះបោរដែលនេះជាបញ្ហាមួយដែលគួរស្វែងយល់នៅក្នុងតំបន់»។

សម្ដេចតេជោបញ្ជាក់ថា ដើម្បីធានានៅស្ថេរភាពសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាតព្វកិច្ចចាំបាច់។

 សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពន្លឿនការកាត់ក្ដីជូនពលរដ្ឋ ព្រោះការយឺតយ៉ាវមិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ពលរដ្ឋប៉ុណ្ណោះទេ តែវាអាចអយុត្តិធម៌សម្រាប់ជនជាប់ចោទផងដែរ ។ 

 សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះ​ដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿង​ក្នុង​ក្របខណ្ឌរដ្ឋប្បវេណី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តុលាការគឺស្ថិតនៅក្នុង​មាត់ដង្កាប់​ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថា​នឹងគ្មាន​យុត្តិធម៌​សម្រាប់ពួកគេ ​ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល ​និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខ​ណៈមធ្យោបាយនេះ ​គឺជាយុទ្ធសាស្រ្តឈ្នះ​ ឈ្នះទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖