ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ក្របួចបានជនសង្ស័យមួយសំបុក១២នាក់ដែលបានលួច ឆក់ គាស់ ផ្ទះនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួចម៉ូតូ គាស់ផ្ទះ ឆក់ យ៉ាងសកម្មបានជាបន្តបន្ទាប់មួយសំបុកចំនួន១២នាក់ ក្នុងនោះមានស្រី២នាក់ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ 

    ជនសង្ស័យទាំង១២នាក់ដែលសកម្មខាងលួច ឆក់ គាស់ផ្ទះ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានជនសង្ស័យម្នាក់ជាមេខ្លោងដើរធ្វើសកម្មភាពដែលមានឈ្មោះ មឿន ថៃសាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។

    តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ នាំទៅសាកសួរបឋម រហូតដល់ព្រឹកឡើងថ្ងៃដដែល កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក មន វុធី អធិការខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ភួង បូណា អធិការរងខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ទ លោកវរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅទី១ ធ្វើការស្រាវជ្រាវ បន្តតាមចាប់ខ្លួនក្រុមជនសង្ស័យទាំងសម្បុកសរុប១២នាក់ ស្រី២នាក់ ជាមុខសញ្ញាលួច ឆក់ គាស់ផ្ទះ សរុប១៧ករណី ដែលប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ដែលជនសង្ស័យលួចបាន ។

ជនសង្ស័យទាំង១២នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីរកជនប្រព្រឹត្តផ្ទាល់ សមគំនិត និងទទួលផលចោរកម្ម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖