ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកុបកម្មដ៏ហិង្សាកាន់តែអាក្រក់ បារាំងបន្ថែមកម្លាំងសន្តិសុខសរុប៤៥ពាន់នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះបានដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដោយមានការគាំទ្រពីរថពាសដែកធុនស្រាល ដើម្បីបង្រ្កាបកុបកម្មដ៏ហិង្សារបស់ក្រុមបាតុករដែលផ្ទុះកំហឹងបន្ទាប់ពីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់កាលពីដើមសប្ដាហ៍កន្លងទៅនេះ។
បើតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) ប៉ូលិស ៤,៥០០០នាក់ដែលត្រូវបានដាក់ពង្រាយគឺដកចេញពីអង្គភាពប៉ូលិស និងកងរាជអាវុធហត្ថបារាំង។ ចំនួនប៉ូលិសនេះត្រូវបានបង្កើនបន្ថែមបើធៀបទៅនឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ដែលប៉ូលិស ៤០,០០០នាក់ត្រូវបានដាក់ពង្រាយ តែបរាជ័យ ក្នុងការទប់ស្កាត់អំពើហិង្សានិងការបំផ្លិចបំផ្លាញ ដោយ
មានហេដ្ឋារចនាសម្ព័ន្ធ៤៩២កន្លែង រងការខូចខាត យានយន្ដ ២,០០០គ្រឿងត្រូវបានដុតបំផ្លាញ ហើយអគ្គិភ័យ ៣,៨៨០កន្លែងត្រូវបានរាយការណ៍នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសថា ពេញមួយយប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រនេះ កងកម្លាំងសន្តិសុខបារាំងបានចាប់ខ្លួនមនុស្សចំនួន៦៦៧នាក់ដែលជាយប់ទីបីជាប់គ្នានៃបាតុម្មហិង្សាកើតចេញពីការសម្លាប់ក្មេងជំទង់ម្នាក់ ដោយប៉ូលិសអំឡុងពេលត្រួតពិនិត្យចរាចរណ៍។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតរថយន្ត ដាក់របាំងផ្លូវ និងបានគប់គ្រាប់ផ្លោងដាក់ប៉ូលិស បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខនៅពេលពួកគេចង់ធ្វើពិធី ឧទ្ទិសនៅទីក្រុង ណង់ទែរ (Nanterre) ដែលជាទីក្រុងសម្បូរដោយកម្មករ នៅឯជាយក្រុងប៉ារីសភាគខាងលិច និងជាទីដែលយុវជនអាយុ១៧ឆ្នាំឈ្មោះ Nahel M ត្រូវបានប៉ូលិសបាញ់សម្លាប់។ សាកសពក្មេងជំទង់រូបនេះគ្រោងនឹងត្រូវបានបញ្ចុះនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN)


ចែករំលែក៖