ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលថ្មី ! បើកការដ្ឋានសាងសង់ផ្លូវបេតុងសរសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ នៅឃុំកំពង់ត្រាច ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្លូវបេតុងសរសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ ស្ថិតនៅភូមិតាត្រាវនិងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣។

   ក្នុងឱកាសនោះក៏មានការចូលរួមពី លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាច ប្រជាការពារ ប្រជាពលរដ្ឋ និងក្រុមហ៊ុនអ្នកទទួលការស្ថាបនាផ្លូវព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

   លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា ការបើកការដ្ឋានធ្វើផ្លូវបេតុងសរសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ ស្ថិតនៅ២ភូមិមានភូមិតាត្រាវនិងភូមិកំពង់ត្រាច ដោយភូមិតាត្រាវមាន២ខ្សែប្រវែង ៤៥០ម៉ែត្រនិង ភូមិកំពង់ត្រាចមាន២ខ្សែ ប្រវែង ៥៩៧ម៉ែត្រ ដាក់លូ២កន្លែង លូមុខកាត់១ ម៉ែត្រ១កន្លែង លូមុខកាត់០.៦០ម៉ែត្រ ១កន្លែង ទទឹងផ្លូវបេតុង៥ម៉ែត្រកម្រាស់០.១៥ម៉ែត្រ។

    លោកបន្តថា សមិទ្ធផលផ្លូវបេតុង សរសៃដែកនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តដែលមានលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរស្រុក ឃុំ ពិសេសមាន លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលជាការខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើចរាចរណ៍ទៅវិញទៅមក។

ដូច្នេះហើយ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

    លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលផ្លូវចាក់បេតុងនេះឱ្យបានល្អប្រសើរ និងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើឱ្យមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។

    បន្ថែមពីនេះទៀត លោកអភិបាលស្រុក សូមឱ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេសសូមបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលព្រោះពេលនេះនៅមានអ្នកឆ្លងជំងឺកូវីដសាជាថ្មីឡើងវិញ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោកនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ដិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផងដែរ។

    លោកក៏បានអំពាវនាវដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋចំពោះអត្តសញ្ញាណប័ណ្ណហួសសុពលភាព ក៏ដូចជាគ្រប់អាយុហើយមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសូមប្រញាប់ប្រញាល់រួសរាន់មកធ្វើទាំងអស់គ្នា និងត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួម ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧នាពេលខាងមុខនេះ ដើម្បីរក្សាការអភិវឌ្ឍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោក បណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕

ដោយ ៖ សុថាន


ចែករំលែក៖