ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ លោកអធិការបានផ្សព្វផ្សាយផែនការរបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។
លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន។
ជាពិសេសផ្នែកសន្ដិសុខ ត្រូវក្ដាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ហើយប្រញ៉ាប់រាយការណ៍។
ជាកិច្ចបញ្ចប់លោកអធិការ បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ ត្រូវកាត់សក់ខ្លីជានិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង វេនប្រចាំបញ្ជា ជាពិសេសត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕
ដោយ៖ ស តារា