ភ្នំពេញ៖ ដោយសារការធ្វេសប្រហែស និងខុសបច្ចេកទេសក្នុងការបំពេញការងារ បុរសម្នាក់ដែលជាកម្មករសំណង់ បានធ្លាក់ពីលើជាន់ទី៥ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ខណៈប្រជាពលរដ្ឋទូទៅបាននាំគ្នាលេីកឡេីងថា ករណីកម្មករសំណង់ដែលជួបគ្រោះថ្នាក់កន្លងទៅ ព្រោះតែពេលខ្លះមេការម៉ៅសំណង់គ្មានការយកចិត្តទុកដាក់ចំពោះពួកគាត់ នៅពេលដែលកំពុងបំពេញការងារ។
សូមជម្រាបជូនថា ករណីធ្លាក់ពីលើអគារខាងលើ ស្លាប់បាត់បង់ជីវិតត្រូវម្ចាស់ទីតាំងបញ្ជូនទៅស្រុកកំណើតដោយមិនបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន បង្កការភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ១៤១ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ មានករណីបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើជាន់ទី៥ នៃអគារមួយកន្លែង ដែលកំពុងសាងសង់បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
សពជនរងគ្រោះមានឈ្មោះ ពោធិ សិត ភេទប្រុស អាយុ ២១ ឆ្នាំស្រុកកំណើតនៅស្រុកស្វាយរៀងខេត្តស្វាយរៀង។មុខរបរជាជាងសំណង់។
បើតាមការរៀបរាប់របស់បុរសម្នាក់ ដែលជាជាងសំណង់ដែលធ្វេីការជាមួយជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើការដូចធម្មតា ស្រាប់តែមួយសន្ទុះ ក្រោយមកក៏ឃើញជនរងគ្រោះបានធ្លាក់ពីលើអគារមកដល់ខាងក្រោមស្លាប់ភ្លាមៗនោះតែម្តង។ ករណីធ្លាក់ពីលើអគារខាងលើ ស្លាប់បាត់បង់ជីវិតត្រូវម្ចាស់ទីតាំងបញ្ជូនទៅស្រុកកំណើតដោយមិនបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាននោះទេទើបថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសមត្ថកិច្ចបានចុះទៅពិនិត្យមើលការដ្ឋានខាងលើផងដែរ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ពាក់ព័ន្ធករណីមនុស្សធ្លាក់ពីលេីអគារខាងលើនេះ គឺដោយសារជនរងគ្រោះមិនបានពាក់ខ្សែក្រវាត់ត្រឹមត្រូវ និងធ្វេសប្រហែសខ្លួនឯងទេីបបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបែបនេះ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ជីណា