ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីចែកចាយថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀនមួយករណីក្រោយស្ថានទូតបារាំង ឃាត់ខ្លួនបានមនស្សប្រុសស្រីចំនួន២នាក់ ដកហូតថ្នាំញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៥រសៀល ថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ ទើបសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចខាងក្រោយស្ថានទូតបារាំង ។

វត្ថុតាងដកហូតរួមមាន ថ្នាំញៀន១៤កញ្ចប់តូច សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ និងវត្ថុតាងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានី ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖