ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីដប់បី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ 

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទីដប់បីនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១១ បានធ្វើ សកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានតែគណបក្សយុវជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានធ្វើ ការហែក្បួននៅមណ្ឌលរាជធានីភ្នំពេញ។

ចំណែកគណបក្សនយោបាយចំនួន ១០ ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស បំណងពលរដ្ឋ គណបក្សស្តីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្ស សញ្ញាតិកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈ សកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅ ទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅ ទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោត ដែលខ្លួនឈរឈោ្មះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖