ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតនិងមនុស្សរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹង រួចបន្តល្បឿនទៅបុកតុលក់ប្រហោងប្រជាពលរដ្ឋ ខណៈមកដល់ផ្លូវ បំបែកជាបួនហើយមិនបង្អង់ល្បឿនដូចគ្នា បណ្តាលឱ្យរងការខូចខាតនិងបុរសម្នាក់រងរបួសស្រាល។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ កែងផ្លូវម៉ុងរិទ្ធី ត្រង់ចំណុចស្តុប 24 ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត តូយ៉ូតា សុីណាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2C -6462 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ស្តុប 24 ម៉ោង ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Camry ពាក់ស្លាកលេខ ភ្នំពេញ2BD-4048 បើកបរដោយបុរសម្នាក់ក្នុងទិសទៅពីកើតទៅលិចបានជ្រុលល្បឿនទៅបុករថយន្តសុីណាពេញទំហឹង រួចបន្តល្បឿនទៅបុកតូបលក់ដូរប្រជាពល បណ្តាលអោយរថយន្តទាំង២គ្រឿង និងតូបលក់ដូររងការខូចខាតយ៉ាងខ្លាំង ហើយបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាលផងដែរ។

    ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច មូលដ្ឋាន រួមកម្លាំងជំនាញបានចុះទៅដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖