ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមុិញនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសមាជិក សមាជិកាក្រុមឃោសនិករបស់គណបក្ស នៅទីស្នាក់ការគណបក្សខណ្ឌដូនពេញ, គណបក្សខណ្ឌកំបូល, គណបក្សសង្កាត់កំបូល, គណបក្សខណ្ឌពោធិ៍សែនជ័យ, គណបក្សខណ្ឌដង្កោ, គណបក្សខណ្ឌមានជ័យ និងគណបក្សខណ្ឌបឹងកេងកង ដើម្បីពិនិត្យសភាពការណ៍ការងារនៃយុទ្ធនាការឃោសនាបោះឆ្នោត និងលើកទឹកចិត្តដល់បងប្អូនក្រុមការងារ គណបក្ស សម្រាប់ការចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រឹកនេះ។
សូមបញ្ជាក់ថា ៖ ការបើកយុទ្ធនាការឃោសនាស្វែងរកការគាំទ្រការបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់២១ ខែកក្កដា ។ ថ្ងៃនេះ ! គ្រប់គណបក្សនយោបាយទាំង១៨ ត្រៀមខ្លួន សម្រាប់ការចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រឹកនេះ ហើយការបោះឆ្នោតត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង៣រសៀល ។
គណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ មានរូបទេវតាបាចផ្កា ឃើញថា៖ មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីការពារ សន្តិភាព ការអភិវិឌ្ឍប្រទេសជាតិ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺប្រជាជនកម្ពុជាជាអ្នកឈ្នះ ៕
ដោយ ៖ សិលា