ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះហាងលក់គ្រឿងអលង្ការទាំងព្រឹក​ និងខូចខាតសម្ភារៈប្រេីប្រាស់ក្នុងផ្ទះជាន់ទី៣អស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះហាងលក់គ្រឿងអលង្ការ​មួយកន្លែង​ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០​ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ​​​ដោយបានបង្កការភ្ញាក់ផ្អេីលនាវេលា​ម៉ោង​ ៦និង០៥នាទីព្រឹក​​ ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២៣​ ។ 

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ នៅថ្ងៃកេីតហេតុ​ មានប្រជាពលរដ្ឋបានរាយការណ៍ថា​ មានគ្រោះអគ្គិភ័យបានឆេះផ្ទះពលរដ្ឋមួយខ្នង​ ប្រភេទសំណង់ថ្មបេតុងប្រក់សង្ក័សី​ ទំហំ៤មx១៦ម​ ដោយម្ចាស់ផ្ទះមានឈ្មោះ​ ម៉ៅ​ តារា​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មុខរបរលក់គុជខ្យង​ ត្រង់ចំណុចទីតាំងខាងលេី​ ដេីម្បីសុំឱ្យសមត្ថកិច្ចប្រចាំបញ្ជាHotline117 នៃអគ្គស្នងការដ្ឋាននគរបាលជាតិជួយអន្តរាគមន៍​ ។ 

    ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចប្រចាំបញ្ជា117​ ក៏បានបញ្ជាកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងដេីម្បីទៅជួយអន្តរាគមន៍​បាញ់ទឹកពន្លត់​ និងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង​ និងប្រេីទឹកសរុបអស់ចំនួន០៣ឡាន​ ក៏រលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង០៦​ និង៣០នាទីថ្ងៃខែឆ្នាំដដែល​ ដោយមិនរាលដាល់ដល់ផ្ទះអ្នកជិតខាង​ និងគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។

ចំពោះមូលហេតុនៃការឆាបឆេះនេះ​ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖