ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ខ្យល់កន្ដ្រាក់​​នៅស្រុកស្រែអំបិល​ មនុស្សម្នាក់បានស្លាប់និង៧នាក់ទៀត​រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកោះកុង៖ ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល​ លោកវេជ្ជបណ្ឌិត សៅ សូនី នៅព្រឹកថ្ងៃ​ទី៣១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល​ បណ្ដាលឱ្យ​មនុស្សម្នាក់បានស្លាប់​ និង៧នាក់ទៀត​រងរបួសធ្ងន់ស្រាល

ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល បានគូសបញ្ជាក់ថា​ ក្នុងចំណោមអ្នករបួសទាំង៧នាក់នោះ មាន២នាក់រងរបួស​ធ្ងន់​ ត្រូវ​បានបញ្ចូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិតរូបនេះ បានឱ្យដឹងទៀតថា​ មានករណីខ្យល់កន្រ្តាក់​លាយឡំនឹងភ្លៀង​ កាលពីយប់មិញនេះ​ បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៣០ខ្នងបាក់ដួលរំលំ។ ក្នុងនោះមាន១២ខ្នង បាក់រំលំធ្ងន់ធ្ងរខ្លាំង។ 

គួរជម្រាបជូនថា​ តាំងពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ​ ដោយមានភ្លៀងនៅតែបន្តធ្លាក់មិនដាច់ ក្នុងកម្រិតពីខ្សោយទៅមធ្យម បណ្តាលឱ្យមានការជន់លិចផ្លូវលំ ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំផ្សេងៗ នៅចំណុចអារែង ថ្មដូនពៅ និងឫស្សីជ្រុំ ក្នុងស្រុកថ្មបាំង។ 

បច្ចុប្បន្នអាជ្ញាធរ​ ក៏បាន​ជម្លៀស​ប្រជាពលរដ្ឋរងគ្រោះ​​មក​ទីទួល​សុវត្តិភាព ដោយផ្តល់​ជាស្បៀងអាហារ និងខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖