ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីម្ដាយកូនពីរនាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់​ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់កាបូបលុយពីម្ដាយកូនពីរនាក់កំពុងធ្វេីដំណេីរតាមដងផ្លូវបានសម្រេច​ ហេីយជិះទៅជាប់អន្ទាក់សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅស្ពានដែកចំការដូង​ កាលពីវេលាម៉ោង ១​ និង២០នាទីរសៀលថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២៣ម្សិលមិញ​ ស្ថិតនៅត្រង់ចំណុចស្តុបស្ពានដែកចំការដូង​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    ជនរងគ្រោះមានឈ្មោះ​ អឿង​ សៀងហា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ស្នាក់នៅម្ដុំកន្លែងកេីតហេតុ​ ។ ចំណែកជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន​រួមមាន​ ៖​ ទី១ឈ្មោះកែវ​ វណ្ណា​ ភេទប្រុស​ អាយុ៣៨ឆ្នាំមុខរបររត់រកង់បី​ ស្នាក់នៅសង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ ។ និងទី២​ ឈ្មោះ​ គៀន​ រស្មី​ ភេទប្រុស​ អាយុ៣៨ឆ្នាំមុខរបររេីសអេតចាយ​ ស្នាក់នៅមិនពិតប្រាកដ​ ។ 

    តាមសម្ដីយុវជនរងគ្រោះបានឱ្យដឹងថា​ នៅពេលកេីតហេតុ​ រូបគាត់និងម្ដាយ​ បានជិះម៉ូតូមកពីទិញធ្យូងនៅតាមផ្លូវ៣៧១​  ក្នុងសង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ​ រួចបានត្រឡប់មកផ្ទះវិញដោយដាក់កាបូបលុយនៅឃ្លប់ម៉ូតូខាងមុខ​ ។ ខណៈជិះតាមមកដល់ផ្លូវ៣៧១​ ទិសដៅពីកេីតទៅលិច​ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាក​ វេវ​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​  ភ្នំពេញ​ 1HH-1756 មកពីក្រោយ​ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច​ ហើយក៏ជិះគេចខ្លួនតាមផ្លូវ៣៧១​ មកទិសខាងលិច​ តែត្រូវជនរងគ្រោះដេញតាមស្រែកថាចោរៗ​ និងមានអ្នកធ្វេីដំណេីរតាមក្រោយជួយដេញរហូតមកដល់ចំណុចស្តុបស្ពានដែកចំការដូង​ក៏ជួបកម្លាំងសមត្ថកិច្ចចរាចរណ៍​ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលេីនេះភ្លាមៗ​ ដោយសមត្ថកិច្ចបានឆែកនៅក្នុងខ្លួនជនសង្ស័យបានឃើញកាបូបលុយនិងទូរស័ព្ទរបស់នារីរងគ្រោះ​ រួមកាំបិតតាំងតោរបស់ជនសង្ស័យចំនួន១ផងដែរ​ ។ 

    បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការទាក់ទងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ឱ្យមកយកជនសង្ស័យខាងលេីទៅសួរនាំដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖