ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការ បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
ការថ្លែងនូវការកោតសរសើរនេះ ធ្វើឡើងបន្ទាប់ពីប្រតិភូកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានខិតខំរហូបជួយឱ្យកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦។
លោកបានបង្ហោះសារដូច្នេះថា «ទីបំផុតមេរបស់ខ្ញុំ (លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី) និងក្រុមការងាររបស់គាត់ធ្វើបានហើយ។ កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦។ ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូត ទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះ ជូនប្រទេសកម្ពុជាយើង»។
សូមជម្រាបថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជា ឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦។
កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការ បានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។
បន្ទាប់មកកម្ពុជា ក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយគឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រ កម្ពុជាយើងត្រូវបានជ្រើសរើស ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។
សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវឡើងកាន់ដំណែង នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កោតសរសើរ និងអបអរសាទរ ដល់ក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិ។
សូមបញ្ជាក់ : បើតាមកាលបរិច្ឆេទសំខាន់ៗនៃ ការបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលថ្មី
១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
២. គជប ប្រកាសលទ្ធផលបណ្ដោះអាសន្ន៖ ថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០២៣។
៣. គជប ប្រកាសលទ្ធផលផ្លូវការ និងបែងចែងអាសនៈរដ្ឋសភា៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។
៤. រដ្ឋសភានឹងបើកកិច្ចប្រជុំដំបូងក្នុងនីតិកាលថ្មី នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣។
៥. ព្រះមហាក្សត្រនឹងតែងតាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ (ប្រសាសន៍របស់សម្ដេចតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣)។
៦. រាជរដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕
ដោយ ៖ សហការី