ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប បានប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ព្រឹក បានប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

-ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)

-វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

-ទីភ្នាក់ងារសារព័ត៌មានកម្ពុជា- AKP

-គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh

-កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News

-Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

-YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

ជាមួយគ្នានេះ គ.ជ.ប ក៏បានធ្វើការបិទផ្សាយនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ផងដែរ។

អនុលោមតាមមាត្រា ១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន ក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ គ្រប់គណបក្ស នយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោតមក គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាន។

ចំពោះការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ទៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អាស្រ័យ ករណីមាន ឬគ្មានពាក្យបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មីៗ ៕

ដោយ ៖ សិលា


ចែករំលែក៖