ខេត្តបាត់ដំបង ៖ កាលពីថ្ងៃចន្ទ១៤កេីតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ១៨ និង៣០នាទីនៅចំណុចក្រុមទី១១ លើផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច(មានស្ថានទម្ងន់ទោស) ឆក់យកដបសាំងមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួនជិះម៉ូតូចំនួន០៣គ្រឿង មានគ្នាប្រមាណ០៥នាក់បានធ្វើសកម្មភាពឆក់យកដបសាំងរបស់ជនរងគ្រោះឈ្មោះ សឿម នាង ភេទប្រុស អាយុ៣០ឆ្នាំ រស់ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរលក់ដូរ រួចនាំគ្នា ជិះរត់គេចខ្លួនសំដៅទៅស្រុកកំរៀងបាត់អស់ដោយយកទាំងដបមានសាំងទៅជាមួយផង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហើយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកជំនាញយុត្តិធម៌រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការបានស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យចំនួន០៥ នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ អ៊ូង ពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូររថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរសិស្ស ។
២-ឈ្មោះ យឿង សុផាត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ សិស្ស។
៣-ឈ្មោះ មុន្នី ករុណា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរសិស្ស ។
៤-ឈ្មោះកែម សុខណេត ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនមុខរបរសិស្ស និង៥-ឈ្មោះខេង ណារ៉ាក់សត្យា(ប៊ី) ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរសិស្ស។
មន្ត្រីនគរបាលបានឲ្យដឹងថា វត្ថុតាងរួមមាន៖
១-សំបកដបដាក់សាំងចំណុះ ១,០០០ មិលី្លលីត្រ ចំនួន ០៤ ដប(បែកអស់ ០៣ដប)និងទុយយោបូមសាំង
២-ម៉ូតូចំនួន០៣ គ្រឿង។
ជនសង្ស័យទាំង០៥នាក់ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។ ពេលសាកសួរគេបានបានឆ្លើយសារភាពថា កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទីពួកគេពិតជាចូលរួមធ្វើសកម្មភាពលួច(មានស្ថានទម្ងន់ទោស) ដោយឆក់យកដបសាំងរបស់ជនរងគ្រោះដែលដាក់លក់នៅតាមផ្លូវពិតប្រាកដមែន ហេីយយកមកចាក់ម៉ូតូរបស់ពួកគេ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី