ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបាន ឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្រោយពេល​ពួកគេបានធ្វើសកម្មភាពឆក់កាបូបនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបាន ឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្រោយពេល​ពួកគេបានធ្វើសកម្មភាពឆក់កាបូប ជនជាតិវៀតណាមនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ចំណុចខាងមុខផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ សាមាន  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង   និងឈ្មោះ អែម សំណាង អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត កំពុងធ្វើការល្បាតចល័ត​ការពារសន្តិសុខក្នុងមូលដ្ឋាន ខណ:ជិះម៉ូតូមកដល់ចំណុចខាងមុខផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ជនរងគ្រោះជនជាតិវៀតណាម២នាក់ បាននាំគ្នាជិះម៉ូតូដេញតាមជនសង្ស័យទាំង២នាក់ នៅលើផ្លូវជាតិលេខ១ ហើយស្រែកឲ្យជួយថា ត្រូវចោរឆក់កាបូប ភ្លាមនោះ។

ប្រភពបន្តថា សមត្ថកិច្ចបានធ្វើការដេញតាមប្រម៉ាញ់ រហូតដល់ចំណុចខាងលិចម៉ាតចិន ជនសង្ស័យទាំង​០២នាក់ បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ចូលក្នុងបរិវេណផ្ទះ អ្នកភូមិ ដោយម្ចាស់ផ្ទះ សហការជាមួយសមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង (កាបូប) នាំមកកាន់ប៉ុស្តិ៍​នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារថា នៅវេលាកើតហេតុខាងលើ ខ្លួនទាំង ២នាក់ ពិតជាបានធ្វើសកម្មភាពឆក់កាបូបប្រាក់ បានសម្រេចចំនួន០២លើក ប្រាកដមែន ។

ជន​សង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖