ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ៅ ធនិន ៖ ខេត្តជាប់សមុទ្រមួយនេះត្រូវបានកែប្រែមុខមាត់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ!

ចែករំលែក៖

ខេត្តកំពត៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតបានឲ្យដឹងថា ខេត្តជាប់សមុទ្រមួយនេះត្រូវបានកែប្រែមុខមាត់ និងមានការអភិវឌ្ឍលើគ្រប់វិស័យគឺត្រើយខាងលិចព្រែកកំពង់បាយនិងមានសោភ័ណ្ឌភាពស្អាតក្រោយពេលមានសួនច្បារកម្សាន្តនាពេលខាងមុខ។

ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតបានសង្កត់ធ្ងន់ថា ខេត្តជាប់សមុទ្រមួយនេះត្រូវបានកែប្រែមុខមាត់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត មានដូចជា៖ ការស្ថាបនាផ្លូវបេតុង បំពាក់ភ្លើងលម្អក្នុងក្រុង ការស្តារ និងស្ថាបនាសួនច្បារ បង្កើតអោយមានសួនកម្សាន្តជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំកិច្ចពិភាក្សាលើគម្រោងស្ថាបនាផ្លូវមួយខ្សែចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះ ត្រើយខាងលិចព្រែកកំពង់បាយ ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង ក្នុងន័យទាក់ទាញភ្ញៀវទេសចរអោយមកកម្សាន្តខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។ ផ្លូវ និងសួនច្បារត្រើយខាលិចនេះ និងអាចជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋដែលប្រកបរបរផ្តលសេវាកម្មទេសចរណ៍ ពិសេសអ្នកដែលផ្តលសេវាកម្មទូកទេសចរណ៍។

ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅ ឬមានសំណង់ផ្សេងៗដែលបានសាងសង់ចូលដីចំណីព្រែកត្រើយខាងលិច ឱ្យចូលរួមសហការរុះរ៉ើសំណង់ទាំងនោះចេញ ដើម្បីចូលរួមក្នុងការកែលម្អក្រុងអោយមានសោភ័ណ្ឌភាពស្រស់ស្អាត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖