ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិចិន០២នាក់ នៅចំណុចម្តុំពយកំពេញចាស់ ក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ចាប់ជំរិតបុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត។
ករណីឃាត់ខ្លួននេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលអោយរងរបួសបុរស១នាក់ ជាជនជាតិខ្មែរ។បន្ទាប់មក ទៀតរថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនរហូតដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត ម៉ាក Lexus 570 ពណ៌ស ១គ្រឿងទៀតបណ្តាលអោយខូចខាតគូទរថយន្ត ហើយកម្លាំងសមត្ថកិច្ច ក៏ធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន ភ្លាមនោះ ជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន១នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើមរត់ទៅតាមផ្លូវកៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ច បានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលមានអាវុធខ្លី។
ចំណែកជនសង្ស័យម្នាក់នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់សមត្ថកិច្ចទើប កម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេង ទើបចាប់ឃាត់ខ្លួនបាននិងនាំទៅព្យាបាលនៅមន្ទីរពេទ្យ ។
ចំណែកជនជាតិចិនជាជនរងគ្រោះ ក្នុងអំពើចាប់ជំរិតត្រូវបាន ជនសង្ស័យចាប់ អារ.ក (រងរបួសកធ្ងន់ធ្ងរ)កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ផងដែរ។
ចាប់យកសម្ភារៈវត្ថុតាងរួមមាន ៖
-រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ។ (ជាមធ្យោបាយជិះធ្វើសកម្មភាព)
-អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់) ។ (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)
-កូនកាំបិតចុងស្រួច ០១ដើម ។ (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ ២គ្រឿង ។
-លិខិតឆ្លងដែន ២ក្បាល ។
-កាតរឹង ២សន្លឹក ។
-កាបូបក្រវាត់ចង្កេះ ១ ។
-នាឡិកាដៃ ២គ្រឿង ។
-ខ្សែ ១ខ្សែ ។
បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុកំពុងសួរនាំជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕
ដោយ ៖ សហការី