ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីការពារជាតិចិននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីនិងបេឡារុសក្នុងសប្តាហ៍នេះ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីនិងបេឡារុស នាសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយយ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) និងរដ្ឋមន្រ្តីការពារជាតិបេឡារុស លោក វិចទ័រ ក្រេនីន (Viktor Khrenin) រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមសន្និសីទទីក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិលើកទី១១ ហើយបំពេញទស្សនកិច្ចនៅប្រទេសបេឡារុសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែសីហា»។
កាលពីខែមេសា ឆ្នាំនេះ លោក លី ក៏បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ីម្តងរួចមកហើយដែរ។ ចំណែកកាលពីខែមុន ជំនួយការម្នាក់របស់លោក វ៉្លាឌីមៀរ ពូទីន បានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតីរុស្ស៉ី មានផែនការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាខែតុលា ខាងមុខ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងមូស្គូ ហើយប្រកាសថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់សករាជថ្មីមួយ។
ចំណងទាក់ទងរវាងចិននឹងរុស្ស៉ី កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង បន្ទាប់ពីទីក្រុងមូស្គបានចាប់ផ្តើមធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមប្រទេសលោកខាងលិចបានព្រួតគ្នាដាក់ទណ្ឌកម្មយ៉ាងចាស់ដៃទៅលើរុស្ស៉ី។ រីឯទីក្រុងប៉េកាំង គឺមិនបានចូលរួមដាក់ទណ្ឌកម្មឬក៏ថ្កោលទោសសកម្មភាពរបស់រុស្ស៉ី ឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖