ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់​ ក្នុងករណីរថយន្តមិនស្គាល់ម៉ាកបើកទៅបុកម៉ូតូហុងដាឌ្រីមនៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង​ រវាងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត​បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ​ កាលពីវេលាម៉ោង១០​ និង១៥នាទីយប់ថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ត្រែ ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

      សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះអ្នកបេីកម៉ូតូមានឈ្មោះ ព្រុំ សិទ្ធិ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅ  ភូមិព្រៃស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ 1L-3316 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម​ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបង្កមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរបញ្ច្រាស់ទិសគ្នា​យ៉ាងលឿន​ និងបុកម៉ូតូពីមុខយ៉ាងពេញទំហឹង​ បណ្ដាលឱ្យជនរងគ្រោះផ្លោងទៅមុខជាច្រើនម៉ែត្រ​ស្លាប់ភ្លាមៗ​ ចំណែករថយន្តបង្កបានបន្តល្បឿនបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកពិនិត្យនិងធ្វើការវាស់វែង​យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​បណ្ដោះអាសន្ន​ ។

ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖