ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលរថយន្ដសង្គ្រោះបន្ទាន់១គ្រឿងនិងបរិក្ខារពេទ្យឥតសំណងពីទីក្រុងជីណាន ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខារពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូល​រួម​ចំណែកក្នុង​ការ​លើក​កម្ពស់​សេវា​សុខភាព​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ។ 

ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។

តាមលិខិតសរសើរ១ច្បាប់របស់លោកឃួង ស្រេង ជូនទៅ លោក Zhao Haiyan បានឱ្យដឹងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃសាលារាជធានីភ្នំពេញ លោកសូមថ្លែង អំណរគុណចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយនិងកិច្ចសហការគាំទ្រលើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារនិងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

លោកមាន​ជំនឿ​​ថា៖ ជំនួយនិង​អំណោយ​ដ៏​មាន​តម្លៃ​នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សេវា​សុខភាព​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា ជាមួយនឹងការចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ។

ជាថ្មីម្តងទៀត លោកសូមអរគុណចំពោះការខិតខំប្រឹងប្រែងនិងការគាំទ្រដ៏សប្បុរសនេះ ។ ជាការណ៍ពិត ជំនួយនិងកង្វល់របស់ម្ចាស់ជំនួយនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត៕

ដោយ ៖ សំរិត


ចែករំលែក៖