ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខារពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ។
ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។
តាមលិខិតសរសើរ១ច្បាប់របស់លោកឃួង ស្រេង ជូនទៅ លោក Zhao Haiyan បានឱ្យដឹងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃសាលារាជធានីភ្នំពេញ លោកសូមថ្លែង អំណរគុណចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយនិងកិច្ចសហការគាំទ្រលើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារនិងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកមានជំនឿថា៖ ជំនួយនិងអំណោយដ៏មានតម្លៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា ជាមួយនឹងការចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ។
ជាថ្មីម្តងទៀត លោកសូមអរគុណចំពោះការខិតខំប្រឹងប្រែងនិងការគាំទ្រដ៏សប្បុរសនេះ ។ ជាការណ៍ពិត ជំនួយនិងកង្វល់របស់ម្ចាស់ជំនួយនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ ៖ សំរិត