ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរថភ្លើងបង្កការភ្ញាក់ផ្អើលទាំងវេលាទៀបភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ រថភ្លើងនិងទូរថភ្លើង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់មួយចំនួនធំ ដោយមិនទាន់ដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវរ៉ារថភ្លើង ( តំបន់បឹងកក់ ) ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមកម្មករសម្រាកនៅក្នុងទូរថភ្លើងមួយដែលនៅជាប់នឹងរថភ្លើងមួយខ្សែដែលឈប់នៅក្បែរនោះ ។ លុះមកដល់វេលាកើតហេតុ គេក៏ឃើញមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆាបឆេះចេញពីទូរថភ្លើងនោះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះធ្វើអន្តរាគមន៍ ។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់និងពន្លត់ការឆាបឆេះ ។ ក្រោយកិច្ចអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញក្នុងរយៈពេល១ម៉ោង ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងចំណោមរថយន្ត០៥គ្រឿង ដែលបានចុះធ្វើអន្តរាគមន៍ដល់ទីតាំងកើតហេតុ ។ 

ក្នុងករណីនេះដែរ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះឡើយ ដោយអគ្គិភ័យបានឆាបឆេះបំផ្លាញទូរថភ្លើងនៅក្បែរនោះទាំងស្រុង និងផ្នែកមួយចំនួននៃរថភ្លើងមួយខ្សែដែលនៅជាប់នោះផងដែរ ។ ចំពោះការឆាបឆេះនេះ សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុ នៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច័យបន្ថែមនៅពេលក្រោយ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖