ភ្នំពេញ ៖ គេបានឮជាបន្តបន្ទាប់អំពីការវាយប្រហាររបស់ក្រុមប្រឆាំងទៅលើគណបក្សប្រជាជនកម្ពុជា និងយុវជនបន្តវេន។ ពួកគេថា បក្សប្រជាជន មានទំនាស់ផ្ទៃក្នុង ដណ្ដើមអំណាច ហើយយុវជនបន្តវេន ដែលឡើងកាន់តួនាទីជាថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ននានា គ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសនោះឡើយ។
លោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ បានបង្ហាញការអស់សំណើច ចំពោះការវិភាគរបៀបឡប់ឡែ របស់ក្រុមប្រឆាំងទាំងងងឹតងងុល ដែលចូលចិត្តនិយាយអ្វីឲ្យតែរួចតែពីមាត់។ លោកសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយចំពោះយុវជនបន្តវេនវិញ គឺអ្នកដែលមានចំណេះដឹង ហើយក៏បានធ្វើកិច្ចការបម្រើសង្គមជាតិរាប់ឆ្នាំមកហើយដែរ។
លោកបន្តថា ចំពោះជម្លោះផ្ទៃក្នុង ដើម្បីដណ្ដើមអំណាច ដណ្ដើមលាភសក្ការៈ គឺមានតែសមាជិកក្រុមប្រឆាំងរត់ចោលស្រុកតែប៉ុណ្ណោះ ដែលធ្វើ។ ជាក់ស្ដែងពួកគេបានឈ្លោះគ្នា ហែកហួរគ្នា រហូតដល់ព្រាត់ប្រាស់គ្នាអស់ទៅហើយ នេះក៏ព្រោះតែទំនាស់ផលប្រយោជន៍ ម្លោះហើយទើបពួកគេស្រមៃថា គណបក្សកាន់អំណាចដូចពួកគេដែរ។
លោក ជា ច័ន្ទបរិបូរណ៍ ថ្លែងថា ៖«ខ្ញុំនិយាយបែបចំអកទៅវិញថា ពួកគេនេះមុនពេលនិយាយពីគេឆ្លុះកញ្ចក់មើលខ្លួនឯងសិន ថា ខ្លួនឯងរូបអាក្រក់កង្វក់របៀបណា បើពួកគេមិនព្រមឆ្លុះកញ្ចក់ទេ គឺមិនបានឃើញខ្លួនឯងទេ។ តែអាចនិយាយបានថា ពួកគេមិនហ៊ានឆ្លុះកញ្ចក់ទេ ដោយសារដឹងថា ខ្លួនឯងរូបអាក្រក់។ យ៉ាងណាមិញអ្វីដែលពួកគេលើកឡើងនេះ សូម្បីគ្នាឯងបួន ១០នាក់នោះ ក៏ឈ្លោះគ្នាហែកហួរគ្នាប្រើពាក្យអសុរោះជាទីបំផុត ហើយបើនិយាយពីធនធានមនុស្សវិញ គឺយើងលែងនិយាយទៅហើយ បើប្រៀបធៀបជាមួយបក្សប្រជាជន គឺថា កុំយកមកប្រៀបធៀប»។
លោកបន្តទៀតថា ក្រុមប្រឆាំងជ្រុលនិយមនាពេលនេះ បានបាត់បង់តម្លៃអស់ទៅហើយ ហើយសម្រាប់ជនបរាជ័យនយោបាយមួយរូប ដែលកំពុងរស់នៅប្រទេសបារាំងឯណោះវិញ ត្រូវបានគេទុកត្រឹមជាអ្នកនិយាយកំដរឆាកនយោបាយប៉ុណ្ណោះ។ ជាក់ស្ដែងវិទ្យុលិឍបាតជើងបរទេស មិនបានបើកវេទិកាសម្រាប់ជនបរាជ័យនយោបាយនិយាយផ្ដាច់មុខទៀតទេ គឺគេបានយកជននោះ ទៅដាក់ឡូកឡំគ្នាជាមួយអ្នកវិភាគរសាត់អណ្ដែង ដែលត្រង់នេះគឺជាភស្តុតាងបញ្ជាក់អំពីការមិនអោយតម្លៃដូចមុនបន្តទៀត។ លោក ជា ច័ន្ទបរិបូរណ៍ ថា ជនបរាជ័យនយោបាយ បាននឹងកំពុងក្លាយជាចាស់ចោលម្សៀត នៅពេលដែលខ្លួនចាស់ណាស់ទៅហើយ តែប្រឹងបង្កជម្លោះជាមួយយុវជនបន្តវេនរបស់បក្សប្រជាជនកម្ពុជា៕
ដោយ ៖ សហការី