ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ ខ្ញុំសំណូមពរជាចំហរ សូមឱ្យតុលាការយកច្បាប់ស្តីពីរបបសារព័ត៌មានមកប្រើ ដែលជាមូលដ្ឋានដំណោះស្រាយដ៏ល្អបំផុត !

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ចេញនូវទស្សនៈដោយផ្ទាល់ហើយចំហរ ក្នុងគោលបំណង ឱ្យអ្នកសារព័ត៌មាន គោរព ក្រមសីលធម៌ វិជ្ជាជីវៈ ហើយស្ថាប័នតុលាការ អាចគិតពីទិដ្ឋភាពច្បាប់ រាល់មានបណ្តឹងគួរយក «ច្បាប់ស្តីពីរបបសារព័ត៌មាន » មកអនុវត្ត។ ដែលលោកគិតថា ៖ រឿងខ្លះអាចពន្យល់គ្នា ការទទួលស្គាល់កំហុស សុំទោស និងកែតម្រូវ ដើម្បីឱ្យសះជាគ្នាបានដោយងាយ ដោយមិនគួរឱ្យវែងឆ្ងាយរហូតជាប់ទោសនោះទេ។ 

លោក ហ៊ុយ វណ្ណៈ បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា ៖ នៅប៉ុន្មានថ្ងៃនេះ បងប្អូនអ្នកកាសែត លើកសំណើមកខ្ញុំជាច្រើន ពីរឿងតុលាការមិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ចាត់ការលើករណីអ្នកកាសែត។ អ្នកប្តឹងចង់តែឈ្នះ ដូច្នេះ គាត់ពឹងមេធាវីរកច្បាប់ណាដែលធ្ងន់ ដើម្បីប្តឹងទៅតុលាការ ហើយបានឈ្នះឱ្យខ្លាំង។ ទោះយ៉ាងណា តុលាការដែលជាអ្នកផ្តល់យុត្តិធម៌ ក៏មានតួនាទីផ្សះផ្សារក្នុងដំណើការក្តីផងដែរ។ ដូច្នេះ ខ្ញុំសំណូមពរជាចំហរ សូមឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានមកប្រើ ដែលជាមូលដ្ឋានដំណោះស្រាយដ៏ល្អបំផុត។ លោកលើកឡើងថា ៖ ផ្ទុយទៅវិញ បើនៅតែព្រងើយកន្តើយ មិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ហើយបែរជាយក ក្រមព្រហ្មទណ្ឌ ជាប់គុកជាប់ច្រវ៉ាក់ មកអនុវត្តលើករណីអ្នកកាសែត នោះគឺជាការបំពានដ៏អាក្រក់ ទាំងលើទិដ្ឋភាពច្បាប់ដែលមាន និងសេរីភាពជាសកលរបស់សារព័ត៌មាន។ 

លោកបង្ហាញហេតុផលថា ៖ រឿងខ្លះអាចពន្យល់គ្នា ការទទួលស្គាល់កំហុស សុំទោស និងកែតម្រូវ ដើម្បីឱ្យសះជាគ្នាបានដោយងាយ ដោយមិនគួរឱ្យវែងឆ្ងាយរហូតជាប់ទោសនោះទេ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖