ព័ត៌មានទាន់ហេតុការណ៍៖

«លោកកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី» ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៣ . និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅ រដ្ឋធានីហ្សាការតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ។

អញ្ជើញអមដំណើរ លោកកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី រួមមានលោក លោកស្រី ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជន សំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។

ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្ដោតលើការជំរុញចក្ខុ – វិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្ដល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹង ឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើ ការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេច ផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភរួម។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី ចូកូ វីដូដូ។ លោកកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ ដឹកនាំពិភពលោកសំខាន់ៗមួយចំនួន ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖