ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមបានឆ្លើយតបទៅកាន់លោក អ៊ុំ សំអាន ដែលតែងតែចោទប្រកាន់រឿងព្រំដែនដែលមានខ្លឹមសារដូចខាងក្រោម៖
ឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនដែលមាន ការទទួលខុសត្រូវ។
លោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។ គាត់បាននិងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថាការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដីនិងថារាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាច។
ការលើកបែបនេះគឺមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរទាំងដែលពួកគាត់បានខិតខំបំពេញ ភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាពនិងទឹកដីស្របច្បាប់របស់កម្ពុជាជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចទទួលយកបាន។
ដើម្បីបង្ហាញនូវតម្លាភាព, គណនេយ្យភាពនិងការ ទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលនិងមន្ត្រីជំនាញព្រំដែនរបស់យើងក៏ដូចជាផ្តល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់គាត់បានបង្ហាញសមត្ថភាពពិតនិងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់អំពីបញ្ហាព្រំដែន ខ្ញុំសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោកដូចខាងក្រោម៖
១. អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មកជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា។
២. ក្នុងដំណាក់កាលនេះ ដែលការចរចានិងការដោះ ស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមិនទាន់ចប់ យើងមិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួនជាលក្ខណៈទូលំទូលាយតាមបណ្ដាញសង្គមនោះទេ។ ទោះជាយ៉ាង នេះក្តី ដើម្បីបង្ហាញនូវតម្លាភាព, គណនេយ្យភាពនិងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ យើងនឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ពីអ្នកសារព័ត៌មាន, តំណាងគណបក្ស, អង្គការសង្គមស៊ីវិល, និស្សិត បញ្ញវន្តនិងមហាជនខ្មែរក្នុងកម្រិតណាមួយដើម្បីធ្វើជាសាក្សី និងបានដឹង បានលឺអំពីព័ត៌មានពិតពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។
៣. ខ្ញុំធានាសុវត្ថិភាពឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជារហូតដល់លោក និងក្រុមរបស់លោកចាកចេញផុតពីកម្ពុជាវិញ។
៤. បើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក។
៥. បើលោកខ្វះមធ្យោបាយធ្វើដំណើរនិងកន្លែងស្នាក់នៅ ខ្ញុំនឹងរៀបចំឱ្យដោយឥតគិតថ្លៃក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។
នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញនូវតម្លាភាព ភាពត្រឹមត្រូវនិងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមការជជែកគ្នាត្រង់ទៅត្រង់មកជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃនៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្តនិងមហាជនខ្មែរនោះទេ។
ខ្ញុំនិងប្រជាពលរដ្ឋទូទៅ បានឃើញថាលោកតែងតែលើកយកប្រធានបទព្រំដែនគ្រប់ទីកន្លែងមកនិយាយ ហេតុដូច្នេះ លោកមិនត្រូវខ្លាចនឹងចូលមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្ដែងឱ្យប្រជាពលរដ្ឋបានឃើញនូវសមត្ថភាព ភាពត្រឹមត្រូវនិងការទទួលខុសត្រូវរបស់លោកនោះទេ។ សង្ឃឹមថាលោកនឹងមិនមានលេសអ្វីផ្សេងទៀតដើម្បីគេចវេសមិនទទួលការអញ្ជើញមកជជែកគ្នានោះទេ។
ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការធានាអំពីសុវត្ថិភាពរបស់លោកនិងក្រុមរបស់លោកក្នុងអំឡុងពេលដែលលោក និងក្រុមរបស់លោកមានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោកនិងក្រុមរបស់លោកចាកចេញផុតពីកម្ពុជា។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកនិងក្រុមរបស់លោកមិនគួរជាកម្មវត្ថុដែលរារាំងពួកលោកមិនឱ្យមកចូលរួមតាមការអញ្ជើញរបស់ខ្ញុំនោះទេ។
នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនដែលមានមូលដ្ឋានត្រឹមត្រូវនិងការទទួលខុសត្រូវច្បាស់លាស់និង មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់កាលពីពេលមុននោះទេ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច