ភ្នំពេញ៖ យោងតាមទិន្នន័យពីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃបិណ្ឌ១៤ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ១៤ករណី បណ្តាលឱ្យមនុស្សបាត់បង់ជីវិតចំនួន ១២នាក់ និងរងរបួសចំនួន ២៣នាក់។ មូលហេតុចម្បងៗដែលបង្កឱ្យមានគ្រោះថ្នាក់ក្នុងថ្ងៃនេះ រួមមានការបើកបរលើសល្បឿនកំណត់ចំនួន ៧ករណី ការមិនគោរពសិទ្ធិអាទិភាពចំនួន ៦ករណី និងការមិនប្រកាន់ស្តាំចំនួន ១ករណី។
ដោយឡែក សរុបក្នុងរយៈពេល ១៤ថ្ងៃ នៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ១២៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់សរុប ៧២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៤០នាក់។ អាជ្ញាធរមានសមត្ថកិច្ចសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច