ក្លិបមេឃខៀវ Manchester City នឹងត្រូវជួបជាមួយក្រុម Club Leon ឬ Urawa Reds ក្នុងការប្រកួតបើកឆាករបស់ពួកគេនៅ Club World Cup។
Man City បានទទួលសិទ្ធិជាលើកដំបូងបន្ទាប់ពីឈ្នះពានរង្វាន់ Champions League ឆ្នាំ២០២២–២០២៣ ហើយចាប់ផ្តើមយុទ្ធនាការរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្លិប Club Leon របស់ម៉ិកស៊ិកគឺជាម្ចាស់ជើងឯក Concacaf ហើយក្រុមUrawa Reds របស់ជប៉ុនបានឈ្នះពានរង្វាន់ AFC Champions League។ ការប្រកួតធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតចន្លោះថ្ងៃទី ១២-២២ ខែធ្នូ ដោយមាន៧ក្រុមចូលរួម។
ការចាប់ឆ្នោតកាលពីថ្ងៃអង្គារ ហើយការប្រកួតទាំងអស់នៅក្នុងការប្រកួត FIFA នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងរបស់អារ៉ាប៊ីសាអ៊ូឌីត។ ការចូលរួមត្រូវបានធានាដោយការឈ្នះពានរង្វាន់មួយក្នុងចំណោមការប្រកួតសហព័ន្ធទ្វីបទាំង៦ ខណៈកន្លែងបន្ថែមទៀតត្រូវបានផ្តល់ឱ្យសម្រាប់ក្រុមម្ចាស់ជើងឯកលីករបស់ប្រទេសម្ចាស់ផ្ទះ។
នោះមានន័យថា មានកន្លែងសម្រាប់ក្រុមអេហ្ស៊ីប Al Ahly ដែលបានឈ្នះពានរង្វាន់ CAF Champions League ម្ចាស់ជើងឯក OFC Champions League, ក្រុម Auckland City មកពីប្រទេសនូវែលសេឡង់ និង Al-Ittihad ដែលតំណាងឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីបានឈ្នះពានរង្វាន់ Pro League ឆ្នាំ២០២២–២០២៣។
នៅមានកន្លែងមួយសម្រាប់ម្ចាស់ដណ្តើមយកពាន Copa Libertadoresនៅមិនទាន់បញ្ចប់នៅឡើយទេ។ ក្នុងនោះក្រុម Boca Juniors, Palmeiras, Fluminense និង Internacional គឺជាក្លិបចំនួន៤ដែលនៅសេសសល់ក្នុងការប្រកួតនៅតំបន់អាមេរិកខាងត្បូងជាមួយនឹងការប្រកួតចុងក្រោយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា។
ប្រសិនបើ Man City ឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងមានគូប្រជែងដ៏មានសក្តានុពលចំនួន៤ ដែលត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដោយអាចប៉ះជើងឯក Copa Libertadores, Al Ahly, Al-Ittihad ឬ Auckland City។
នេះនឹងក្លាយជាការប្រកួត FIFA Club World Cup លើកទី២០ និងជាការប្រកួតចុងក្រោយក្នុងទម្រង់បច្ចុប្បន្នដោយការប្រកួតនឹងពង្រីកដល់៣២ក្រុមនៅឆ្នាំ២០២៥។ ការប្រកួតចំនួន១០ចុងក្រោយត្រូវបានឈ្នះដោយក្រុមនៅអឺរ៉ុប ដោយក្នុងនោះ Manchester United, Liverpool និង Chelsea គឺជាក្លិបតែមួយគត់នៅ Premier League ដែលឈ្នះ។ ក្រុម Real Madrid បានក្លាយជាម្ចាស់ជើងឯកកាលពីឆ្នាំមុន ដោយបានយកឈ្នះក្រុម Al-Hilal ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)